ខេត្តមណ្ឌលគិរី, ថ្ងៃទី ៨ ខែសីហា ឆ្នាំ២០២៦៖ ខូហ្វី (KOFI) ដែលជាក្រុមហ៊ុនខ្មែរឈានមុខគេក្នុងវិស័យកាហ្វេ បានចុះអនុវត្តសកម្មភាពផ្ទាល់នៅឃុំប៊ូស្រា ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ដោយប្រគល់កូនកាហ្វេពូជល្អចំនួន ៦,០០០ ដើម ជូនគ្រួសារកសិករក្នុងតំបន់។ សកម្មភាពនេះជាការវិនិយោគលើអនាគតឧស្សាហកម្មកាហ្វេកម្ពុជា ព្រមទាំងបង្ហាញពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន ក្នុងការរួមដំណើរជាមួយកសិករ ដៃគូពាក់ព័ន្ធ និងរាជរដ្ឋាភិបាល ដើម្បីជំរុញការដាំដុះកាហ្វេប្រកបដោយនិរន្តរភាព។

កិច្ចសហការណ៍នេះធ្វើឡើងរវាងមន្ទីរកសិកកម្មខេត្តមណ្ឌលគិរី និងក្រុមហ៊ុន ខូហ្វី (KOFI) ព្រមទាំងអង្គការដៃគូនានា ក្នុងគោលបំណងជួយកាត់បន្ថយថ្លៃដើមផលិត និងបង្កើនប្រាក់ចំណូលសម្រាប់កសិករនៅមណ្ឌលគិរី និងលើកទឹកចិត្តឱ្យកសិករពង្រីកផ្ទៃដីដាំដុះកាហ្វេបន្ថែមទៀតផងដែរ។ ការអនុវត្តនេះក៏ជាផ្នែកមួយនៃទំនួលខុសត្រូវសង្គមរបស់ក្រុមហ៊ុន ដែលស្របតាមស្មារតីនៃ “រុក្ខទិវា” ថ្ងៃទី ៩ ខែកក្កដា ក្នុងការជំរុញការដាំដើមឈើ ការពារបរិស្ថាន និងអភិវឌ្ឍធនធានធម្មជាតិឱ្យមានចីរភាព។
ក្នុងឱកាសនេះផងដែរ កញ្ញា ឯក ចាន់ណា អ្នកឯកទេសចីរភាព នៃក្រុមហ៊ុន ខូហ្វី គ្រុប បានមានប្រសាសន៍ថា៖
“កូនកាហ្វេដែល ខូហ្វី (KOFI) ចែកជូនបងប្អូនកសិករនាថ្ងៃនេះ មិនមែនគ្រាន់តែជារុក្ខជាតិទើបតែលូតលាស់មួយដើមនោះទេ ប៉ុន្តែវាគឺជាការវិនិយោគមួយនាពេលអនាគត ឆ្ពោះទៅរកចក្ខុវិស័យនៃវិស័យកាហ្វេមួយដែលមានផលិតភាព អាចបន្សាំទៅនឹងបម្រែបម្រួលអាកាសធាតុ និងមានស្ថិរភាពយូរអង្វែងសម្រាប់គ្រួសារកសិករជំនាន់ក្រោយនៅក្នុងខេត្តមណ្ឌលគិរី”
កញ្ញាក៏បានបន្តទៀតថា “យើងមិនមែនគ្រាន់តែដាំដើមកាហ្វេនោះទេ ប៉ុន្តែយើងកំពុងដាំដុះអនាគតនៃសហគមន៍ដែលមានបរិស្ថានបៃតងល្អជាងមុន មានភាពធន់ជាងមុន និងបម្រើផលប្រយោជន៍សេដ្ឋកិច្ចកាន់តែច្រើនសម្រាប់អ្នកពាក់ព័ន្ធទាំងអស់”
ស្របគ្នានេះ ឯកឧត្តម ឈួន វិន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត និងឯកឧត្តម គង់ គឹមនី អភិបាលខេត្តមណ្ឌលគិរី បានលើកទឹកចិត្តដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលទទួលបានពូជកាហ្វេនាពេលនេះ ត្រូវយកចិត្តទុកដាក់ដាំដុះថែរក្សាឱ្យលូតលាស់ល្អកើតចេញជាផ្កាផ្លែ ជាពិសេសត្រូវកែប្រែដីដែលនៅសេសសល់ដើម្បីបង្កើនការដាំដុះកាហ្វេបន្ថែម។
ឯកឧត្តមថ្នាក់ដឹកនាំមានប្រសាសន៍បន្តថា “បច្ចុប្បន្នដំណាំកាហ្វេមានការដាំដុះ និងមានផ្ទៃដីកើនឡើងគួរឱ្យកត់សម្គាល់ និងជាដំណាំដែលមានសក្តានុពល ជាយុទ្ឋសាស្ត្រក្នុងចំណោមដំណាំផ្សេងៗទៀត ដែលមានតម្លៃខ្ពស់ ធ្វើឱ្យកសិករទទួលបានប្រាក់ចំណូល និងជីវភាពកាន់តែប្រសើរឡើង”
ឯកឧត្តមមានប្រសាសន៍បន្តថា “ដើម្បីចូលរួមអភិវឌ្ឍន៍វិស័យកសិកម្មក្នុងខេត្តកាន់តែល្អប្រសើរបន្ថែមទៀត ជាពិសេសជំរុញការអនុវត្តផលិតកម្មកសិកម្មតាមកិច្ចសន្យារវាង ក្រុមសហគមន៍កសិកម្ម ជាមួយនិងក្រុមហ៊ុនឯកជនក្រុមហ៊ុនអ្នកប្រមូលទិញ ក្នុងគោលបំណងជំរុញផលិតផលកាហ្វេឱ្យមានកំណើនទិន្នផល និងទីផ្សារល្អ ដែលអាចជួយបង្កើនប្រាក់ចំណូលរបស់កសិករ ហើយធានាបាននូវគុណភាព សុវត្ថិភាពចំណីអាហារ ដើម្បីធានានូវខ្សែច្រវាក់ផ្គត់ផ្គង់ត្រឹមត្រូវតាមស្តង់ដារ និងនិរន្តរភាព និង រក្សាតម្លៃទីផ្សារផលិតផលកាហ្វេ”
យោងតាមរបាយការណ៍របស់ លោកបណ្ឌិត សុង ឃាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តមណ្ឌលគិរី បានឲ្យដឹងថា “ក្នុងឆ្នាំ២០២៥កន្លងទៅ ទូទាំងខេត្តមានផ្ទៃដីដាំដុះកាហ្វេសរុប ៦២៧ហិកតា ហើយផ្ទៃដីដែលប្រមូលផលមានចំនួន ៥១៥ហិកតា សម្រាប់ទិន្នផលជាមធ្យមចំនួន ២.៤៧៥តោនក្នុងមួយហិកតា ដែលសរុបបរិមាណទទួលផលបានចំនួន ១ ២៧៥តោន”
ខូហ្វី (KOFI) នឹងបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយសហគមន៍កសិករ ដើម្បីគាំទ្រការលូតលាស់នៃកូនកាហ្វេទាំងនេះ និងផ្តល់វគ្គបណ្តុះបណ្តាលបន្ថែម ដើម្បីធានាថាចម្ការកាហ្វេនៅមណ្ឌលគិរី អាចផ្តល់ផលវិជ្ជមានលើសេដ្ឋកិច្ច សង្គម និងបរិស្ថានក្នុងរយៈពេលវែង។
គួរបញ្ជាក់ផងដែរថា ខូហ្វី (KOFI) តែងតែផ្តោតសំខាន់លើការអភិវឌ្ឍប្រកបដោយចីរភាព និងការលើកកម្ពស់ជីវភាពសហគមន៍កសិករ។ ចាប់តាំងពីឆ្នាំ២០២៣ ក្រុមហ៊ុនបានអនុវត្តគម្រោងអភិវឌ្ឍន៍ដំណាំកាហ្វេនៅមណ្ឌលគិរី ជាមួយដៃគូនានា ហើយនៅឆ្នាំ២០២៤ ក៏បានបន្តវិនិយោគលើ «សហគ្រាសកែច្នៃគ្រាប់កាហ្វេធម្មជាតិខូហ្វី» ដើម្បីប្រមូលទិញ និងកែច្នៃកាហ្វេពីសហគមន៍កសិករជាង ៤០០ គ្រួសារ ធានាបាននូវគុណភាព និងស្ថិរភាពនៃវត្ថុធាតុដើម ព្រមទាំងបង្កើនប្រាក់ចំណូលដល់សហគមន៍មូលដ្ឋាន។


សម្រាប់ព័ត៌មានលម្អិត លោកអ្នកអាចតាមដាន នៅលើផេកហ្វេសប៊ុកផ្លូវការរបស់ ខូហ្វី (KOFI) ដែលមានឈ្មោះជាភាសាអង់គ្លេសថា KOFI Co.,Ltd និងសម្រាប់ព័ត៌មានលម្អិត សូមទំនាក់ទំនងនៅទីតាំងបង្ហាញផលិតផលរបស់ក្រុមហ៊ុន ខូហ្វី ផ្លូវម៉ៅសេតុង និងទូរស័ព្ទលេខ 069 666 999 / 077 777 970 Website: www.kofi.com.kh