នៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦ ត្រូវនឹងថ្ងៃទិវាកាហ្វេអន្តរជាតិ ក្រុមហ៊ុន ខូហ្វី (KOFI) រួមជាមួយរដ្ឋបាលខេត្ត មន្ទីរកសិកម្មខេត្តមណ្ឌលគិរី ព្រមទាំងអង្គការដៃគូ បានរៀបចំកម្មវិធីជួបជុំជាមួយបងប្អូនប្រជាកសិករដាំកាហ្វេនៅសហគ្រាសកែច្នៃកាហ្វេធម្មជាតិ ខូហ្វី ស្ថិតនៅឃុំប៊ូស្រា ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ដោយមានការអញ្ជើញចូលរួមជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម គង់ គឹមនី អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី ព្រមទាំងថ្នាក់ដឹកនាំខេត្ត អង្គការដៃគូ ដៃគូអាជីវកម្ម និងបងប្អូនប្រជាកសិករក្នុងតំបន់ផងដែរ។

កម្មវិធីនេះត្រូវបានរៀបចំឡើង មិនត្រឹមតែដើម្បីអបអរសាទរទិវាកាហ្វេអន្តរជាតិប៉ុណ្ណោះទេ ប៉ុន្តែក៏ជាឱកាសជួបសំណេះសំណាលដោយផ្ទាល់ជាមួយបងប្អូនកសិករ ស្តាប់ពីបទពិសោធន៍ការដាំដុះ និងការប្រមូលផល ព្រមទាំងលើកទឹកចិត្តឱ្យមានការបន្តអភិវឌ្ឍទាំងបរិមាណ និងគុណភាពកាហ្វេ តាមរយៈការផ្តល់ជូននូវសម្ភារៈប្រមូលផលកាហ្វេចំនួន ៥០០ ឈុត ដែលរួមមាន មួក ស្រោមដៃ អាវអៀមសម្រាប់ប្រមូលផលកាហ្វេ និងសានូរការពារជង្គង់ ដែលត្រូវបានរៀបចំឡើងក្នុងគោលបំណងចូលរួមជួយឱ្យការប្រមូលផលកាហ្វេកាន់តែ ងាយស្រួល មានសុវត្ថិភាព ប្រសិទ្ធភាព ព្រមទាំងចូលរួមកាត់បន្ថយការខូចខាត និងរក្សាគុណភាពផ្លែកាហ្វេឱ្យបានល្អតាំងពីពេលប្រមូលផល។
ថ្លែងក្នុងកម្មវិធី ដោយក្តីរំភើប និងការកោតសរសើរដល់ការលះបង់របស់កសិករ លោកស្រី ឈាន ឃីម អគ្គនាយិកានៃក្រុមហ៊ុន ខូហ្វី (KOFI) បានមានប្រសាសន៍ផ្តោតសំខាន់លើការជួយសម្រួលបន្ទុកកសិករតាមរយៈការផ្តល់សម្ភារៈប្រមូលផលកាហ្វេថា៖

«កសិករគឺជាមូលដ្ឋានដ៏សំខាន់បំផុតនៃខ្សែសង្វាក់កាហ្វេ ដូច្នេះហើយទើប ខូហ្វី (KOFI)រៀបចំកម្មវិធីនេះឡើងដើម្បីកោតសរសើរ និងចែកសម្ភារៈប្រមូលផលដល់កសិករប្រមាណ ៥០០ នាក់ ដើម្បីជួយឱ្យការប្រមូលផលមានសុវត្ថិភាព ប្រសិទ្ធភាព កាត់បន្ថយការខូចខាត និងរក្សាគុណភាព”
លោកស្រីក៏បានបន្តផងដែរថា “កាលពីរដូវប្រមូលផល ឆ្នាំ២០២៥-២០២៦ ខូហ្វី (KOFI) បានប្រមូលទិញផ្លែកាហ្វេស្រស់ចំនួន ៥៨៣ តោន ដែលស្មើនឹងទឹកប្រាក់ប្រមាណ ២,៤០០ លានរៀល ពីកសិករជាង ៤០០ គ្រួសារ នេះមិនត្រឹមតែជាតួលេខនៃការទិញលក់នោះទេ តែវាជាការបង្ហាញពីសក្តានុពលកាហ្វេមណ្ឌលគិរី និងជាចំណូលដែលត្រឡប់ទៅជួយគ្រួសារកសិករ និងសហគមន៍វិញ។ ហើយនៅក្នុងឆ្នាំ ២០២៧ ខូហ្វីនឹងបន្តសហការជាមួយគ្រប់ភាគីពាក់ព័ន្ធ ធ្វើយ៉ាងឲ្យទិន្នផលកាហ្វេកាន់កើនឡើងទាំងបរិមាណ និងគុណភាព”។
ចំណែក លោក អ៊ឹង សាលាង ម្ចាស់អាជីវកម្ម កាហ្វេឪ និងជាដៃគូអាជីវកម្មរបស់ក្រុមហ៊ុន ខូហ្វី (KOFI) ក៏បានផ្តល់ជាកម្លាំងចិត្ត និងការគាំទ្រយ៉ាងកក់ក្តៅដល់ប្រជាកសិករដែលកំពុងត្រៀមខ្លួនសម្រាប់រដូវកាលប្រមូលផលថ្មីនេះផងដែរថា៖

«ខ្ញុំសូមកោតសរសើរ និងថ្លែងអំណរគុណដល់បងប្អូនកសិករទាំងអស់ ដែលបានខិតខំដាំដុះ និងថែទាំគ្រាប់កាហ្វេដែលមានគុណភាពកន្លងមក សូមបងប្អូនកសិករបន្តខិតខំបន្ថែមទៀត ព្រោះនៅពីក្រោយការខិតខំរបស់បងប្អូន មានទាំងរដ្ឋាភិបាល ក្រុមហ៊ុនខូហ្វី (KOFI) អង្គការដៃគូ ដៃគូអាជីវកម្ម អ្នកលក់ និងអ្នកទទួលទាន ដែលគាំទ្រយ៉ាងខ្លាំងលើកាហ្វេមណ្ឌលគិរី។ ក្នុងនាមខ្ញុំជាម្ចាស់អាជីវកម្មកាហ្វេឪ ខ្ញុំនឹងខិតខំធ្វើយ៉ាងណានាំកាហ្វេពីចម្ការរបស់បងប្អូន ទៅកាន់ហាងកាហ្វេ និងអ្នកទទួលទានផងដែរ។
ស្របគ្នានេះដែរ ឯកឧត្តម គង់ គឹមនី អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី ក៏បានមានប្រសាសន៍ថា “បច្ចុប្បន្នដំណាំកាហ្វេមានការដាំដុះ និងមានផ្ទៃដីកើនឡើងគួរឱ្យកត់សម្គាល់ ជាដំណាំដែលមានសក្តានុពល មានតម្លៃសេដ្ឋកិច្ចខ្ពស់ ធ្វើឱ្យកសិករទទួលបានប្រាក់ចំណូល និងជីវភាពកាន់តែប្រសើរឡើង”។
ឯកឧត្តមមានប្រសាសន៍បន្តថា “ដើម្បីជួយសម្រួលដល់កសិករក្នុងការប្រមូលផលឱ្យបានកាន់តែល្អប្រកបដោយគុណភាព រដ្ឋបាលខេត្តបានសហការជាមួយក្រុមហ៊ុន ខូហ្វី (KOFI) រៀបចំផ្តល់ជូនកសិករនូវសម្ភារប្រមូលផលកាហ្វេ ដែលស្របតាមលក្ខណៈបច្ចេកទេសផងដែរ”។
តាមរយៈកម្មវិធីអបអរសាទរទិវាកាហ្វេអន្តរជាតិឆ្នាំនេះ ខូហ្វី (KOFI) បន្តបង្ហាញការប្តេជ្ញាចិត្តក្នុងការធ្វើដំណើរជាមួយបងប្អូនកសិករ និងដៃគូពាក់ព័ន្ធ ដើម្បីរួមគ្នាផ្តល់តម្លៃដល់គ្រប់ដំណាក់កាលនៃកាហ្វេ និងលើកកម្ពស់ កាហ្វេមណ្ឌលគិរី និងកាហ្វេកម្ពុជា ពីចម្ការ ទៅកាន់ទីផ្សារ។ សម្រាប់ ខូហ្វី (KOFI) ការរក្សាគុណភាពកាហ្វេ ចាប់ពីការដាំដុះ ការថែទាំ ការជ្រើសរើសផ្លែទុំ ការប្រមូលផល ការកែច្នៃក្រោយប្រមូលផល រហូតដល់ការកែច្នៃ និងការនាំផលិតផលទៅកាន់ទីផ្សារ គ្រប់ដំណាក់កាលសុទ្ធតែមានតួនាទីក្នុងការកំណត់គុណភាពនៃកាហ្វេមួយពែង។


គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន ខូហ្វី (KOFI) តែងតែយកចិត្តទុកដាក់ខ្ពស់លើការអភិវឌ្ឍប្រកបដោយចីរភាព និងការលើកកម្ពស់ជីវភាពសហគមន៍កសិករខ្មែរ។ ជាក់ស្តែង តាំងពីចុងឆ្នាំ ២០២២មក ខូហ្វី (KOFI) បានបង្កើតគម្រោងដាំដុះ និងអភិវឌ្ឍន៍ដោយចីរភាពសម្រាប់ដំណាំកាហ្វេនៅខេត្តមណ្ឌលគិរី ក្រោមការសហការយ៉ាងជិតស្និទ្ធពីដៃគូនានា។ បន្ថែមពីនេះក្នុងឆ្នាំ២០២៤ ខូហ្វី (KOFI) ក៏បានបន្តបោះទុនវិនិយោគបន្ថែមលើ «សហគ្រាសកែច្នៃគ្រាប់កាហ្វេធម្មជាតិខូហ្វី» ក្នុងខេត្តមណ្ឌលគិរី ដែលជាកន្លែងប្រមូលទិញ និងកែច្នៃកាហ្វេធម្មជាតិផ្ទាល់ពីសហគមន៍កសិករជាង ៤០០ គ្រួសារ ដើម្បីធានាបាននូវប្រភពធាតុដើមប្រកបដោយគុណភាពខ្ពស់ ស្ថិរភាព និងរួមចំណែកបង្កើនប្រាក់ចំណូលជូនដល់សហគមន៍មូលដ្ឋាន។


សម្រាប់ព័ត៌មានលម្អិត លោកអ្នកអាចតាមដាន នៅលើផេកហ្វេសប៊ុកផ្លូវការរបស់ ខូហ្វី ដែលមានឈ្មោះជាភាសាអង់គ្លេសថា KOFI Co.,Ltd និងសម្រាប់ព័ត៌មានលម្អិត សូមទំនាក់ទំនងនៅទីតាំងបង្ហាញផលិតផលរបស់ក្រុមហ៊ុន ខូហ្វី ផ្លូវម៉ៅសេតុង និងទូរស័ព្ទលេខ 069 666 999 / 077 777 970 Website: www.kofi.com.kh៕