មណ្ឌលគិរី ៖ មន្ទីរកសិកម្មរុក្ខាប្រមាញ់ និង នេសាទខេត្តមណ្ឌលគិរី និងក្រុមហ៊ុនខូហ្វី តាមរយៈអង្គការ SNV ក្រោមជំនួយមូលនិធិហូឡង់សម្រាប់ការអភិវឌ្ឍន៍អាកាសធាតុ DFCD ចុះកិច្ចព្រមព្រៀងសហការក្នុងការចាប់ផ្តើមអនុវត្តគម្រោង “ការអភិវឌ្ឍន៏ដំណាំកាហ្វេនៅក្នុងខេត្តមណ្ឌលគិរី»
កម្មវិធីចុះកិច្ចព្រមព្រៀងសហការក្នុងការចាប់ផ្តើមអនុវត្តគម្រោងមួយនេះ ប្រព្រឹតទៅនៅព្រឹកថ្ងៃទី ០២ ខែមិនា ឆ្នាំ ២០២៣ សិត្ថនៅខេត្តមណ្ឌលគិរី ផ្ទាល់តែម្តង ហើយក៏មានការចូលរួមក្រោមអធីបតីភាព ឯកឧត្តម ស៊ន សារុន អភិបាលខេត្តមណ្ឌលគិរី និង លោកសុខ ឃាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និង នេសាទខេត្តមណ្ឌលគិរី និងលោក Rik Overmars តំណាងអង្គការ SNV និងលោក បណ្ឌិត khoa le អ្នកជំនាញដំណាំកាហ្វេមកពីវិទ្យាស្ថានស្រាវជ្រាវកសិកម្ម WASI VN រួមទាំងបងប្អូនប្រជាកសិករផងដែរ។
លោក ហ៊ឺ តារា តំណាងក្រុមហ៊ុន បានលើកឡើងថា ៖ បច្ចុប្បន្ន យើងបានមើលឃើញថា ដំណាំកាហ្វេក្នុងខេត្តមណ្ឌលគិរីកំពុងដាំដុះភាគច្រើនដោយជនជាតិដើមភាគតិចភ្នង ដែលមានទិន្នផលនិងគុណភាពមិនទាន់ប្រសើរ ដោយសារកសិករខ្វះជំនាញ និងបច្ចេកទេសក្នុងការដាំដុះ ថែទាំ និងការទុកដាក់ក្រោយពេលប្រមូលផល។ ការកែឆ្នៃពីគ្រាប់កាហ្វេទុំ មកជាគ្រាប់កាហ្វេឆៅ ឬ គ្រាប់កាហ្វេបៃតង ត្រូវបានធ្វើឡើងតាមទម្លាប់ពីមុនៗមកតាមគ្នា និង ដោយផ្ទាល់ដៃ ដែលជាហេតុផល ធ្វើអោយគុណភាពធ្លាក់ចុះ ហើយត្រូវប្រើប្រាស់កំលាំងពលកម្មច្រើននិងគ្រាប់កាហ្វេឆៅ ទទួលបានតម្លៃទាបហើយគ្មានទីផ្សារច្បាស់លាស់។ កត្តាទាំងអស់នេះហើយ ដែលធ្វើអោយកសិករភាគច្រើនបានបោះបង់ដំណាំកាហ្វេ និងប្តូរទៅដាំដំណាំផ្សេងវិញ។
ថ្ងៃនេះជាថ្ងៃដ៏ពិសេសរបស់ក្រុមហ៊ុន និងមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តមណ្ឌលគិរី ដែលបានចុះកិច្ចព្រមព្រៀងសហការក្នុងការចាប់ផ្តើមនុវត្តគម្រោង “ការអភិវឌ្ឍន៏ដំណាំកាហ្វេនៅក្នុងខេត្តមណ្ឌលគិរី’’ ដោយក្រុមហ៊ុន និងមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ នឹងចាប់ផ្តើមធ្វើការជាមួយនឹងកសិករ កែលំអរ គុណភាព និង ពង្រីកការដាំដុះ ដំណាំកាហ្វេអោយ ស្របតាមតម្រូវការទីផ្សារនិងបង្កើនផលិតភាពដែលអាចអោយកសិករទទួលបាននូវជីវភាពល្អប្រសើរពីដំណាំកាហ្វេ។ ក្រៅពីសហការគ្នាជាមួយមន្ទីរដើម្បីបណ្តុះបណ្តាលក៏ដូចជាផ្តល់នឹងជំនាញ និងបច្ចេកទេសក្នុងការដាំដុះនិងថែទាំដំណាំកាហ្វេ។ នៅក្នុងគម្រោងនេះ ក្រុមហ៊ុនផ្ទាល់នឹង បង្កើតជាទីតាំងប្រមូលទិញ និងស្តុកទុកគ្រាប់កាហ្វេកន្លែងកែរឆ្នៃគ្រាប់កាហ្វេ កន្លែងបណ្តុះកូនពូជ និង ស្រាវជ្រាវដំណាំកាហ្វេ ហើយក្រុមហ៊ុននឹងបង្កើតជាកសិដ្ឋានគំរូ ដើម្បីបណ្តុះបណ្តាលបងប្អូនកសិករ ហើយក៏ជាកន្លែងអប់រំសាធារណៈ ដែលនឹងអាចទាក់ទាញភ្ញៀវទេសចរណ៍ដែលស្រលាញ់និងចូលចិត្តទទួលទានកាហ្វេផងដែរ។ ទីតាំងរបស់ក្រុមហ៊ុន កំពុងតែអភិវឌ្ឍន៍មានទីតាំងនៅក្នុងស្រុកអូរាំង តាមបណ្តាលផ្លូវជាតិលេខ ៧៦ ដែលមានចំងាយ ២០គីឡូម៉ែត្រពីក្រុងសែនមនោរម្យ។ សរុបសេចក្តីមក នៅក្នុងគម្រោងនេះ ក្រុមហ៊ុននឹងធានាបាននូវទីផ្សារសម្រាប់ទិន្នផលកាហ្វេ ដែលមានគុណភាពពីសំណាក់ប្រជាកសិករដំណាំកាហ្វេ។
ក្រុមហ៊ុនខូហ្វី និងក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តមណ្ឌលគិរី សង្ឈឹមយ៉ាងមុតមាំថា ការសហការគ្នារវាងមួយនេះពិតជាអាចជួយអោយប្រជាកសិករ ដែលដាំដំណាំកាហ្វេមានក្តីសង្ឈឹមឡើងវិញ និងបន្តដាំដើមកាហ្វេអោយបានច្រើនថែមទៀត តាមរយៈគម្រូនៃការដាំដុះដោយចិរភាពអំពីគម្រោងរបស់ក្រុមហ៊៊ុន។ គួរបញ្ចាក់ផងដែរថា ក្រុមហ៊ុន ខូហ្វី ជាក្រុមហ៊ុនខ្មែរក្នុងស្រុក ដែលបានបង្កើតឡើងក្នុងឆ្នាំ ២០០៩ បាននាំចូល និងចែកចាយម៉ាស៊ីនឆុងកាហ្វេ គ្រាប់កាហ្វេ និងគ្រឿងផ្សំផ្សេងៗពីទូទាំងពិភពលោកមកកាន់ទីផ្សារកម្ពុជា និងមានចក្ខុវិស័យ ជាអ្នកនាំមុខគេក្នុងវិស័យឧស្សាហកម្មកាហ្វេ នៅក្នុងប្រទេសកម្ពុជាដោយផ្តោតសំខាន់លើវិជ្ជាជីវៈនិយម និងការបង្កើតថ្មី។ ក្រៅពីនេះ ក្រុមហ៊ុនខូហ្វីក៏មានបើកវិទ្យាស្ថានខូហ្វី ក្នុងការបណ្តុះបណ្តាល និងពង្រឹងជំនាញវិជ្ជាជីវៈអ្នកឆុងកាហ្វេ ស្របតាមស្តង់ដារជាតិនិងអន្តរជាតិ ហើយក៏ជាវិទ្យាស្ថានឆុងកាហ្វេជំនាញតែមួយគត់នៅកម្ពុជា ដែលទទួលការគាំទ្រនិងសហការយ៉ាងជិតស្និទពីក្រសួងទេសចរណ៍ និង សមាគមទេសចរណ៍កម្ពុជា។
ក្រុមហ៊ុនខូហ្វី បាននាំចូលកាហ្វេលីងស្រាប់ និងវិចខ្ចប់រួចជាស្រេចពីប្រទេសអ៊ីតាលីដើម្បីផ្គត់ផ្គង់និងចែកចាយនៅក្មុងទីផ្សារប្រទេសកម្ពុជា រហូតមកដល់ឆ្នាំ២០១៣ ក្រុមហ៊ុនបានធ្វើការអភិវឌ្ឍ និងចាប់ផ្តើមលីងកាហ្វេដោយខ្លួនឯងដោយ និងបានដាក់ឈ្មោះថា កាហ្វេអរុណ ហើយជាបន្តបន្ទាប់មកទៀត ក្រុមហ៊ុនខូហ្វីក៏បានបង្កើតរសជាតិ កាហ្វេ ៣ មុខ ទៀតសម្រាប់អតិថិជនយកទៅធ្វើអាជីវកម្មបន្ត ដែលមានឈ្មោះថា កាហ្វេសាយ័ណ្ហ ក្នុងឆ្នាំ ២០១៦ និង កាហ្វេ គិរី និងកាហ្វេ សាគរ ក្មុងឆ្នាំ ២០២០។ ហើយនៅក្នុង ២០២២ កន្លងទៅនេះ យើងក៏បានបង្កើតចេញកាហ្វេចំនួន២មុខ ផ្សេងទៀតសម្រាប់អតិថិជនទទួលទាននៅតាមគេហដ្ធានគឺ កាហ្វេវាយោ និងកាហ្វេវេហា។ក្រុមហ៊ុនក៏បានសហការបង្កើតកាហ្វេរាប់រយមុខទៀតជាមួយដៃគូអាជីវកម្មនៅតាមភោជនីដ្ឋាន សណ្ឋាគារ និង ហាងកាហ្វេផ្សេងៗ។ រាល់ផលិតផលកាហ្វេរបស់ក្រុមហ៊ុនខូហ្វី ត្រូវបានផលិតឡើងដោយអ្នកជំនាញដែលមានបទពិសោធន៍និងការបណ្តុះបណ្តាល ជាមួយនិងម៉ាស៊ីនលីងនិងប្រព័ន្ធគ្រប់គ្រងដែលមានបច្ចេកវិជ្ចាទំនើប និង ប្រកបដោយអនាម័យខ្ពស់។ ជាក់ស្តែងក្រុមហ៊ុនខូហ្វីជាក្រុមហ៊ុនតែមួយគត់នៅប្រទេសកម្ពុជា ដែល ទទួលបាននូវ វិញ្ញាបនបត្រស្តង់ដារសុវត្ថិភាពចំណីរអារហារពិភពលោក GHPs HACCP និង ISO 22000 ព្រមទាំងទទួលបានវិញ្ញាបនបត្របញ្ចាក់ពីគោលការណ៍អនុវត្តអនាម័យល្អពីក្រសួងសុខាភិបាលផងដែរ។
សម្រាប់ព័ត៌មានលម្អិតលោកអ្នកអាចតាមដាននៅលើផេកហ្វេសប៊ុកផ្លូវការរបស់ ខូហ្វី ដែលមានឈ្មោះជាភាសាអង់គ្លេសថា KOFI Co., Ltd និងសម្រាប់ព័ត៌មានលម្អិត សូមទំនាក់ទំនងនៅទីតាំងបង្ហាញផលិតផលរបស់ក្រុមហ៊ុន ខូហ្វី ផ្លូវម៉ៅសេតុង និងទូរស័ព្ទលេខ 069 666 999 / 077 777 970 ឬគេហទំព័រ : www.kofi.com.kh ៕