មណ្ឌលគិរី៖ នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣ ក្រុមហ៊ុន ខូហ្វី សហការជាមួយនឹងមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ក្រោមជំនួយឧបត្ថម្ភរបស់មូលនិធិហូឡង់សម្រាប់អាកាសធាតុ និងការអភិវឌ្ឍន៏ (DFCD) តាមរយៈអង្គការ SNV ប្រចាំនៅកម្ពុជា ក្នុងដំណាក់កាលទី១ នៃគម្រោង ˝អភិវឌ្ឍន៍ដំណាំកាហ្វេប្រកបដោយចេរភាព˝ បានចែកកូនពូជកាហ្វេដល់កសិករចំនួន ២១ គ្រួសារក្នុងចំណោមកសិករគោលដៅ ៣០០ គ្រួសារមកពីស្រុកពេជ្រាដា ស្រុកអូរាំង និង ក្រុងសែនមនោរម្យ នៃខេត្តមណ្ឌលគិរី ។
រីឯកូនពូជកាហ្វេ ដែលបានផ្តល់ជូនកសិករនៅថ្ងៃនេះ គឺជាពូជកាហ្វេដែលមានភាពធន់ទៅនឹងអាកាសធាតុ ស្ថានភាពដីក្នុងតំបន់ ធន់ជំងឺ ជាពិសេសជាពូជអាចផ្តល់ទិន្នផលខ្ពស់ ព្រោះជាពូជកាហ្វេទាំងនេះបានសិក្សាយ៉ាងលម្អិតដោយក្រុមការងារបចេ្ចកទេសរបស់មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទនៃខេត្តមណ្ឌលគិរី ជាមួយនឹងដៃគូជំនាញបច្ចេកទេសផ្នែកផលិតពូជ និងដាំដុះកាហ្វេមកពីវិទ្យាស្ថានស្រាវជ្រាវកសិកម្ម WASI។
សកម្មភាពទាំងនេះបានបង្ហាញអំពីឆន្ទៈខ្ពស់របស់ក្រុមហ៊ុន ខូហ្វី និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងកាផ្តល់ការគាំទ្រដល់ប្រជាកសិករដាំកាហ្វេក្នុងខេត្តមណ្ឌលគិរី ដើម្បីពង្រឹងគុណភាព និងពង្រីកការដាំដុះ ដំណាំកាហ្វេ ឲ្យស្របតាមស្តង់ដាបច្ចេកទេស ដើម្បីបង្កើននូវផលិតភាពកាន់តែខ្ពស់ អាចឆ្លើយតបទៅនឹងតម្រូវការទីផ្សារ និងរក្សាបាននូវគុណតម្លៃរបស់ផលិតផលកាហ្វេក្នុងស្រុក។ ទាំងនេះជាកត្តាចម្បងក្នុងការរួមចំណែកបង្កើនកម្រិតជីវភាពរស់នៅរបស់បងប្អូនជនជាតិដើមភាគតិចក្នុងខេត្តមណ្ឌលគិរី ឲ្យកាន់តែល្អប្រសើរជាងមុន។
ជំហ៊ានបន្ទាប់ក្រុមហ៊ុន ខូហ្វី នឹងបន្តកិច្ចសហការជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តមណ្ឌលគិរី ដើម្បីបន្តបណ្តុះបណ្តាលដល់កសិករអំពីបច្ចេកទេសដាំដុះ ថែទាំ និងការប្រមូលផលកាហ្វេ ដើម្បីធានាបាននូវផលិតផលដែលមានគុណភាពខ្ពស់អាចប្រកួតប្រជែងនៅលើទីផ្សារបាន។
តាមរយៈការសហការគ្រប់ភាគីពាក់ព័ន្ធក្នុងការអនុវត្តគម្រោង ˝អភិវឌ្ឍន៍ដំណាំកាហ្វេប្រកបដោយចេរភាព˝ យើងសង្ឃឹមយ៉ាងមុតមាំថា កសិឧស្សាហកម្មដំណាំកាហ្វេនៅខេត្តមណ្ឌលគិរី នឹងបើកទំព័រប្រវត្តិសាស្ត្រថ្មីលើទីផ្សារកម្ពុជា តាមរយៈផែនការជាយុទ្ធសាស្រ្តពង្រឹង និងពង្រីកទីផ្សារក្នុងស្រុករបស់ក្រុមហ៊ុន ខូហ្វី ដោយផ្តោតលើគោលការណ៍សុវត្ថិភាព និងគុណភាពគ្រាប់កាហ្វេ ចាប់តាំងពីដំណាក់កាលដាំដុះ រហូតដល់ដល់ក្លាយទៅជាផលិតផលសម្រេច ដែលមានស្តង់ដាអនាម័យខ្ពស់ស្របតាមបទដ្ឋាន ISO 22000:2018 សម្រាប់អតិថិជនពិសារប្រកបដោយសុវត្ថិភាព។
គួររម្លឹកផងដែរ ក្រុមហ៊ុន ខូហ្វី ជាអ្នកជំរុញកម្មវិធីមួយនេះឡើង តាមរយៈការផ្តួចផ្តើមពីមន្ទីរកសិកម្មរុក្ខាប្រមាញ់ និង នេសាទ រវាងក្រុមហ៊ុនខូហ្វី និង វិទ្យាស្ថានអ្នកជំនាញដំណាំកាហ្វេមកពីវិទ្យាស្ថានស្រាវជ្រាវកសិកម្ម WASI តាមរយៈអង្គការ SNVក្រោមជំនួយមូលនិធិហូឡង់សម្រាប់អាកាសធាតុ និងការអភិវឌ្ឍន៏ (DFCD) ៕